លក្ខណៈសម្បត្តិ​របស់ Meizu M5!

Meizu M5 គឺជាស្មាតហ្វូន ម៉ូឌែល​ថ្មី ដែល​ទើប​នឹង​ចេញ​ក្តៅៗ របស់​ក្រុម​ហ៊ុន Meizu ដោយ​បាន​ប្រកាស​ជា​ផ្លូវការ ក្នុងកំឡុងខែ​ តុលា និង​បាន​បញ្ចេញ​លក់ នៅកំឡុងខែ វិច្ឆិកានេះ។ វាគឺស្មាតហ្វូន ធុនមធ្យមមួយ ដែល​មាន​តម្លៃ មិនដល់ 200$ នោះទេ ហើយសមត្ថភាព នៃកម្លាំងម៉ាស៊ីនរបស់វា អាចអោយ ការប្រើប្រាស់ របស់យើង បានរលូន មិនរអាក់រអួលឡើយ។ បន្ថែមពីនេះ វាក៏បានភ្ជាប់ មកជាមួយនឹង លក្ខណៈសម្បត្តិ និងលក្ខណៈពិសេស មួយចំនួនទៀត មកជាមួយ ផងដែរ ហើយបើចង់ដឹងថាតើ មានអ្វីខ្លះនោះ សូមតាម​ដាន ជាមួយខ្ញុំទាំងអស់គ្នា!


រចនាបថ
បើមើលទៅលើ រូបរាងពីខាងលើ របស់ស្មាតហ្វូននេះ អាចអោយយើង យល់ច្រលំមួយភ្លែត បានថាជា OnePlus 3 ឬ iPhone 6s Plus។ ចំពោះសន្ទះខាងក្រោយវិញ ត្រូវបាន ស្រោបឡើងពី ប្រភេទជ័របន្លំជា លោហៈធាតុ បើមើលមួយភ្លែត អាចច្រលំបាន។ នៅផ្នែកខាងស្តាំ យើងឃើញមាន ប៊ូតុងសម្លេង ពីលើ​ប៊ូតុង បិទបើក។ ផ្នែកខាងក្រោមមាន រន្ធដោតកាស, Mic, Speaker, និងរន្ធ USB។ ផ្នែកខាងឆ្វេងមាន រន្ធ​សម្រាប់ដាក់ស៊ីមកាត ដែលអាចផ្ទុកស៊ីម បានចំនួន ២។
អេក្រង់
Meizu M5 មានអេក្រង់ទំហំ 5.2 អ៊ីញ ជាប្រភេទ IPS LCD អាចបង្ហាញរូបភាព បានក្នុងកម្រិត HD 720 x 1080 ភិចសែល និងមានដង់ស៊ីតេអេក្រង់ 282ppi។ សមត្ថភាពអេក្រង់ របស់ស្មាតហ្វូននេះ អាច​បង្ហាញ​រូបភាព​ បានធំទូលាយល្មម មិនធំពេក មិនតូចពេក ឯពណ៌នៃរូបភាព ដែលបញ្ចេញមក ក៏ច្បាស់ល្អ អាច​ទទួល​យកបាន។
ប្រព័ន្ធប្រតិបត្តិការ
ស្មាតហ្វូននេះ បានបំពាក់មកជាមួយ បន្ទះឈីប MediaTek លេខ MT6750 ដែលមានស៊ីភីយូ ជាប្រភេទ Octa-core រត់បានល្បឿន 1.5GHz និងមានបន្ទះឈីប ក្រាហ្វិកជាប្រភេទ Mali-T860MP2។ Ram របស់​វាមាន ២ ជម្រើស ដោយ១មានទំហំ 2GB ភ្ជាប់ជាមួយនឹង អង្គផ្ទុកទិន្នន័យ 16GB និង១ទៀត មាន​ទំហំ 3GB ភ្ជាប់ជាមួយនឹង អង្គផ្ទុកទិន្នន័យ 32GB។ ចំពោះកម្លាំងម៉ាស៊ីន ប៉ុណ្ណេះអាច ដំណើរការហ្គេម ឬ​កម្មវិធីធំៗ មួយចំនួន បានរលូន ដូចទៅនឹង ម៉ូឌែល Meizu U10 ដែរ។
វាដំណើការដោយ ប្រព័ន្ធប្រតិបត្តិការ Android Lollipop 5.1 ស្រោបដោយ ផ្ទៃអ៊ីនធើហ្វេស Flyme UI 5.5 និងមានថាមពលថ្មសរុបទំហំ 3070 mAh មិនអាចដោះចេញបាននោះទេ។
កាមេរ៉ា
M5 មានកាមេរ៉ា ខាងក្រោយទំហំ 13 មេហ្គាភិចសែល មានកម្រិត Aperture ទំហំ 2.2 អមដោយភ្លើងភ្លោះ ជំនួយ​២គ្រាប់ សម្រាប់ជំនួយពន្លឺ នៅពេលងងឹត។ នៅក្នុងមួយរូប វាស៊ីចន្លោះពី 3 ទៅ 4MB ដែល​មាន​ទំហំ​ភិចសែល 3120 x 4160។ សម្រាប់ការថតវីដេអូវិញ វាអាចថតបានក្នុងកម្រិត FHD ល្បឿន 30fps។
វាមានកាមេរ៉ាខាងមុខ ទំហំ 5 មេហ្គាភិចសែល មានកម្រិត Aperture ធំជាងខាងក្រោយ ទំហំ 2.0 អាច​ថត​ស៊ែលហ្វី បានច្បាស់គួរសម អាចទទួលយកបាន។
ចំណាប់អារម្មណ៍
ក្រោយពីបាន ធ្វើតេស្តសាកល្បង ប្រើប្រាស់មួយរយៈមក ខ្ញុំយល់ថា ស្មាតហ្វូននេះ អាចបំពេញតម្រូវការ ប្រើ​ប្រាស់ទូទៅ ប្រចាំថ្ងៃរបស់ខ្ញុំ បានច្រើន ទាំងការខលចេញចូល ប្រើប្រាស់កម្មវិធី លេងអ៊ីនធើណេត អាច​កាន់ថ្មបានយូរ ជាពិសេសនោះ គឺទ្រនាប់ស្គេនម្រាមដៃ ដ៏លឿន។ ក៏ប៉ុន្តែទាស់រឿង មួយចំនួនប៉ុណ្ណោះ ដោយវា មិនមានបច្ចេកវិទ្យាសាកថ្មលឿន, មិនមានបច្ចេកវិទ្យា បញ្ជាគ្រឿងអេឡិចត្រូនិច។ ទោះជា​យ៉ាង​ណា​ក៏​ដោយ វាសាកសមហើយ សម្រាប់តម្លៃក្រោម 200$ នេះ។

No comments:

Post a Comment